រាជធានីភ្នំពេញ ៖ តារាសម្តែងថ្មី ទើបតែលេចមុខមាត់ក្នុងពិភពសិល្បៈកញ្ញាឃុន ចាន់ម៉ូណា ត្រូវគេសង្ស័យបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតហ្វ្រេស៊ីប៊យចំណាត់ថ្នាក់លេខ១។ តើវាពិតទេ ?
កញ្ញាឃុន ចាន់ម៉ូណា មួយរយៈចុងក្រោយនេះត្រូវមិត្តភក្តិក្នុងវិស័យសិល្បៈជាមួយគ្នាជជីកសួរនាំរឿងនាង និងលោកសេង រតនៈ តារាសម្តែង និងជាអតីតហ្វ្រេស៊ីប៊យ ចំណាត់ថ្នាក់លេខ១ជំនាន់ទី៩ តើជាគូស្នេហ៍នឹងគ្នាឬ ? កាលពីពេល ថ្មីៗកន្លងមកកញ្ញាឃុន ចាន់ម៉ូណា និយាយថា«រវាងនាងខ្ញុំ និងលោករតនៈគឺជាមិត្តភក្តិជិតដិតបេះមិនដាច់ ព្រោះបានស្រឡាញ់រាប់អានគ្នាតាំងពីនៅរៀនមិនទាន់ចូលសិល្បៈឯណោះ ពោលគឺបង្កប់នូវអនុស្សាវរីយ៍ច្រើន ទើបយើងបានកាន់ដៃគ្នានៅលើអាជីពសិល្បៈរឹតតែយល់ចិត្តគ្នា ។ ការណ៍ពិតនាងខ្ញុំ និងរតនៈក៏ធ្លាប់ប្រឡងហ្វ្រេស៊ីជាមួយគ្នា ដោយរតនៈ ជាប់លេខ១ នាងខ្ញុំជាប់ផ្នែកថតរូបស្អាតមិនជាប់លេខ១ដូចគាត់ឡើយ។ តាំងពីពេលនោះមកពួកយើងបានទៅណាមកណាត្រូវគេហៅថតសម្តែងស្ទើរតែជួបគ្នារហូត ។
នាងខ្ញុំក៏មិនទាន់ដឹងថា ពេលអនាគតខាងមុខយើងមានការផ្លាស់ប្តូរដៃគូ ឬបែបណាដែរ គ្រាន់តែពេលនេះយើងនៅតែល្អដាក់គ្នាទៅវិញទៅមកជាប្រចាំ» ។
ដោយឡែកលោកសេង រតនៈ បញ្ជាក់ដែរថាលោកសិ្នទ្ធស្នាលជាមួយកញ្ញាឃុន ចាន់ម៉ូណា ព្រោះនាងជាអតីតមិត្តរួមថ្នាក់ ។ ពេលក្លាយជាអ្នកសិល្បៈគឺស្របពេលជាមួយគ្នា ចាប់ផ្តើមតាំងពីប្រឡងហ្វ្រេស៊ី និងប្រឡងក្នុងកម្មវិធីផលិតផលហេរូស្កាមក ។
លោកសេង រតនៈ និយាយថានេះអាចថាជានិស្ស័យដោយទៅមុខបែបណានោះមិនទាន់ដឹងច្បាស់នោះទេ ព្រោះអាចថាបច្ចុប្បន្នពួកយើងត្រូវរ៉ូវគ្នាល្អណាស់ មានតែពេលវេលាទេជាអ្នកកាត់ក្តីបាន» ។
កញ្ញាឃុន ចាន់ម៉ូណា ជាអ្នកកំពង់ចាមបានចូលរួមសម្តែងក្នុងខ្សែរឿងភាគមួយចំនួនឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ៕
No comments:
Post a Comment