ថ្ងៃសៅរ៏ ទី៥ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៨:០០ (05-08-2017 08:00)
រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ភីអិនអិនបានធ្វើសន្និសីទសារព័ត៌មាន ប្រកាសពីការចាក់បញ្ចាំងរឿងភាគថ្មី«ហ្លួងព្រះស្តេចកន» ជារឿងបុរាណចំណាយដើមទុនអស់ច្រើន ។ ការរៀបចំធ្វើនេះនៅស្ថានីយទូរទស្សន៍ភីអិនអិនកាលពីព្រឹកថ្ងៃទី៣ សីហា ២០១៧ ។
លោកម៉ៅ អាយុទ្ធ ជាផលិតករ និងជាអ្នកដឹកនាំរឿងសង្ឃឹមថារឿង «ហ្លួងព្រះស្តេចកន» នឹងទទួលបានការគាំទ្រពីទស្សនិកជននៅពេលចាក់បញ្ចាំងតាមរោងភាពយន្តនានាចាប់ពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៧ ។ ខ្សែភាពយន្តនេះបង្ហាញពីប្រវត្តិសាស្ត្រខ្មែរ និងចំណាយទុនរហូតដល់លានដុល្លារ ។ បើតាមការស្ទាបស្ទង់បន្ទាប់ពីចាក់បញ្ចាំងឈុតឆាក ខ្លីៗលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុករបស់ភីអិនអិន មានប្រិយទស្សនិកជនច្រើនពេញចិត្ត ហើយរង់ចាំទស្សនា ។
រឿង«ហ្លួងព្រះស្តេចកន»លោកម៉ៅ អាយុទ្ធ បញ្ជាក់ថា ឆ្លងកាត់ការថតរយៈពេល២ឆ្នាំ ដោយបានយកឯកសារទៅជួបអ្នកពាក់ព័ន្ធនានាដូចជាអ្នកប្រវត្តិសាស្ត្ររស់ ចន្ត្រាបុត្រ និងសាស្ត្រាចារ្យមួយចំនួនទៀត ព្រមទាំងសមាគមអ្នកនិពន្ឋខ្មែរផងដែរព្រោះលោកខ្លាចខុសឆ្គងប្រវត្តិសាស្ត្រ ។
លោកម៉ៅ អាយុទ្ធ ថ្លែងថា«មានរឿងរ៉ាវជាច្រើនទៀតដែលបានបន្សល់នូវអនុស្សាវរីយ៍ឲ្យក្រុមការងារបានទុកក្នុងចិត្ត សូម្បីតែការដឹកសេះតាមផ្លូវទាំងឡាន ត្រូវបានប៉ូលិសកាក់សួរនាំ និងដឹកអាវុធគ្រាប់ផ្ទុះ និងកាំភ្លើងជំនាន់មុនក៏ត្រូវគេសួរនាំ ។ អាជ្ញាធរប៉ូលិសសួររហូត ។ ជាចុងក្រោយពេលយើងបញ្ជាក់លិខិត និងភាពច្បាស់លាស់ ពួកគាត់សប្បាយចិត្ត និងជួយត្រេកអរ ហើយលើកទឹកចិត្តឲ្យយើងព្យាយាមខិតខំដើម្បីជាតិយើង ។ យើងបានខិតខំថែមទៀតស្វែងរកឯកសារ ផ្សេងៗ ការសហការផ្នែកសម្លៀកបំពាក់ គ្រឿងអលង្ការដើម្បីឲ្យទៅតាមសម័យកាល ។ ការសុំធ្វើវាំងស្តេចពីក្រសួងវប្បធម៌ ដោយការស្នើសុំរើសទីតាំងផ្ទះបុរាណ សម្រាប់សម្តែងមាននៅក្នុងភូមិវប្បធម៌ ។
សកម្មភាពហ្វឹកហាត់សិល្បករពី២០០នាក់ទៅ៣០០នាក់ហាត់ក្បាច់គុនល្បុក្កតោ ហាត់ជិះសេះកាន់ដាវកាប់ចាក ់ហាត់បាញ់កំភ្លើងដែលទាំងអស់នេះសុទ្ធសឹងតែជាអាថ៌កំបាំង និងផលលំបាកដែលយើងបានជួបប្រទះ ។ នៅមានរសជាតិជាច្រើនទៀតដែលយើងឆ្លងកាត់ » ។
លោកម៉ៅ អាយុទ្ធ អំពាវនាវដល់ទស្សនិកជន ជាពិសេសយុវវ័យឱ្យចូលរួមទស្សនាខ្សែភាពយន្តរឿង«ហ្លួងព្រះស្តេចកន»ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរ ។ ម្យ៉ាងទៀតជាផ្នែកមួយចូលរួមលើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរឲ្យកាន់តែលូតលាស់ឡើង និងលើកទឹកចិត្តដល់ផលិតករថែមទៀត ។
តារាសម្តែងមានលោកទេព រិនដារ៉ូ, កញ្ញាស៊ិន កក្កដា, លោករស់ សុភ័ណ្ឌ តួអង្គស្តេចកន, កញ្ញាឆុំ វត្តី, លោកហេង ប៊ុនលាភ, អ្នកស្រីឌី សាវ៉េត, ជា សំនៀង, ម៉ក់ សំអុល, ខាត់ សុឃីម, អន សុភ័ក្រ, ង៉ែត កក្កដា, ពៅ សុខច័ន្ទ, ទិត្យ វិច្ឆិកា និងលោកសុខ ដែន ជាដើម ៕
No comments:
Post a Comment