ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ សីហា ២០១៧នេះ អតិថិជនទៅតវ៉ាសុំដកលុយកក់វិញ ខណៈខាងក្រុមហ៊ុនមិនព្រមប្រគល់លុយកក់អោយវិញនោះទេ តែខាងក្រុមហ៊ុនបានធ្វើកិច្ចសន្យា ជាមួយអតិថិជនដោយធានាថា បើខ្លួនទិញដីមិនបានទេខ្លួននឹងបង្វិលលុយអោយអតិថិជនវិញ នៅចុងខែសីហានេះ តែបើទិញដីបាន អតិថិជនអាចបន្តបង់លុយកក់ក្នុងការទិញគម្រោងផ្ទះល្វែងនេះជាបន្តទៀត ហើយបើក្រុមហ៊ុនមិនអាចអនុវត្តបានតាមកិច្ចសន្យាទេ ក្រុមហ៊ុននឹងសងជំងឺចិត្តថ្លៃខូចខាតក្នុងម្នាក់៥,០០០ដុល្លារ ។
ក្រុមហ៊ុនដែលសង្ស័យជាគម្រោងខ្យល់! បានសន្យាបែបនេះ បន្ទាប់ពីមានអតិថិជនដែលបង់លុយកក់ទិញផ្ទះល្វែង និងខុនដូរាប់សិបនាក់ដែល បាននាំគ្នាទៅតវ៉ាដល់ភូមិគ្រឹះរបស់លោកឧកញ៉ា ប៊ុណ្ណច័ន្ទ គ្រីស្នា ស្ថិតនៅភូមិគ្រឹះលេខ៥៧ ផ្លូវលេខ៥៧ កែង៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដើម្បីទាមទារដកយកលុយកក់វិញ ដោយពួកគាត់បារម្ភថា គម្រោងសង់ផ្ទះល្វេង និងខុនដូសំរាប់លក់ របស់លោកឧកញ៉ាជាគម្រោងខ្យល់ ព្រោះប្រកាសលក់យូរហើយ តែមិនឃើញសកម្មភាពសាងសង់ ។
បើតាមអតិថិជនដែលបានទិញផ្ទះល្វែង នាំគ្នាទៅតវ៉ាសុំដកយកលុយកក់វិញ បានអោយដឹងថា ក្រុមហ៊ុនរបស់ឧកញ៉ាប៊ុណ្ណច័ន្ទ គ្រីស្នា បានប្រកាសលក់ គម្រោងផ្ទះល្វែង ដែលមានទីតាំងនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងទំហំ៤.២ម៉ែត្រគុណ១០ម៉ែត្រ ក្នុងតម្លៃ១៨,៦៩០ដុល្លារ ។
អតិថិជនទិញផ្ទះល្វែងបន្តថា ក្រោយប្រកាសលក់ ក៏មានទៅបង់លុយកក់ទិញជាបន្តបន្ទាប់ ខ្លះបង់បាន៥០ភាគរយ ខ្លះទៀតបង់បាន២០ភាគរយ តែរហូតមកដល់ពេលនេះ មានរយៈពេលជាច្រើនខែហើយ គេមិនបានឃើញខាងក្រុមហ៊ុន បញ្ចេញសកម្មភាពសាងសង់អ្វីឡើយ សូម្បីតែទីតាំងដី និងផ្ទះគម្រូអោយអតិថិជនមើល ក៏មិនមានផង។ ដូច្នេះហើយ ទើបពួកគាត់មានការសង្ស័យ ក៏ទៅសុំដកយកលុយកក់វិញ ។
រីឯអតិថិជនដែលទិញគម្រោងសាងសង់អាគារខុនដូរបស់លោកឧកញ៉ា ប៊ុណ្ណច័ន្ទ គ្រីស្នា ក៏បានអះអាងថា ខ្លួនបានបង់លុយទិញបន្ទប់ខុនដូនេះ ដោយបង់លុយកក់បាន៤ខែ មកហើយ គឺកក់លុយតាំងពីក្រុមហ៊ុននេះ ប្រកាសលក់គម្រោងនៅខែសីហា ឆ្នាំ២០១៦ មកម្ល៉េះ។ ក្រោយកក់ និងបង់លុយប្រចាំខែ ជាបន្តបន្ទាប់បាន៤ខែ ខ្លួនមើលឃើញថា ការសាងសង់មិនមានសកម្មភាពខ្លួនក៏ផ្អាកបង់លុយ ហើយរហូតមកដល់ពេលនេះ គឺជិត១ឆ្នាំទៅហើយ នៅតែមិនមានសកម្មភាពសាងសង់ដដែរ ។ ដូច្នេះហើយ ទើបខ្លួនមកតវ៉ាសុំដកយកលុយកក់វិញ តែខាងក្រុមហ៊ុនគេមិនព្រមបង្វិលលុយកក់អោយវិញទេ ដោយគេសន្យានឹងសាងសង់ទៅតាមការសន្យាខ្យល់ដោយមិនបោះបង់គម្រោងនោះទេ តែមិនដឹងពេលណាគេសាងសង់នោះទេ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់លើក្រុមហ៊ុន ប៊ុណ្ណច័ន្ទ គ្រីស្នា ប្រកាសលក់គម្រោងសាងសង់ផ្ទះល្វែង និងខុនដូខ្យល់ពីសំណាក់អតិថិជននេះ អ្នកសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ា ប៊ុណ្ណច័ន្ទ គ្រីស្នា បាននៅឡើយទេ ៕
No comments:
Post a Comment