រាជធានីភ្នំពេញ គឺជាកន្លែងប្រមូលផ្តុំទៅដោយមនុស្សរស់នៅប្រកបការ ងារ និងការសិក្សាបន្ទាប់ពីនេះគឺក្រុងសៀមរាបក៏ជាគោលដៅសម្រាប់ប្រជាជនអ្នកទៅប្រកបអាជីវកម្ម ស្វែងរកការងារ និងមានភ្ញៀវទេសចរទៅស្នាក់នៅច្រើនបន្ទាប់ពីក្រុងភ្នំពេញ។ ប៉ុន្តែតម្រូវការនៃការប្រើប្រាស់អចលនទ្រព្យជាពិសេសសំណង់ផ្ទះបុរី មិនទាន់មានទីផ្សារទូលំទូលាយនៅឡើយ។
តាមប្រសាសន៍របស់លោកស្រី ខែក លីនិត ជាអ្នក អភិវឌ្ឍន៍ ផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន ខែក លាង (Khek Leang, Co., Ltd.) នៅក្នុងខេត្តសៀមរាបបានប្រាប់ឲ្យដឹងថាកាលពីគម្រោងទី ១ នៃអភិវឌ្ឍន៍ផ្ទះល្វែងរបស់ក្រុមហ៊ុននេះគឺមានផ្ទះចំនួន ៣០ ល្វែងដែលត្រូវបានបញ្ចប់ការសាងសង់សម្រាប់អ្នករស់នៅក្នុងក្រុងសៀមរាប ដោយមានអតិថិជនខ្លះជាអ្នករស់នៅខេត្តសៀមរាប និងក៏មានប្រជាជនចំណូលថ្មីពីបណ្តាខេត្តផ្សេងៗផងដែរ។
លោកស្រីបានមានប្រសាសន៍ថាការអភិវឌ្ឍសំណង់ផ្ទះបុរីសោមាទេវីអង្គរ នៅលើផ្ទៃដីប្រមាណ ២ ហិកតាជាគម្រោងទីពីររបស់ក្រុមហ៊ុននេះដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៦ ហើយនៅក្នុងគម្រោងនេះនឹងមានការសាងសង់ផ្ទះរាប់រយល្វែង។
បច្ចុប្បន្ននៅក្រុងសៀមរាបក្រុមហ៊ុនសាងសង់ផ្ទះល្វែងមិនសូវជាមានច្រើននៅឡើយទេ តែការពុះដីឡូតិ៍លក់គឺមានច្រើន។ លោកស្រីបានបង្ហើបឲ្យដឹងថា៖ «ទោះបីជាការវិនិយោគគម្រោងទី ២ នេះមិនទាន់មានភាពពេញនិយមសម្រាប់ប្រជាជនភាគច្រើន ខណៈមានការកក់ពីភ្ញៀវក្នុងស្រុកតែប្រមាណ ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ ប៉ុន្តែយើងនៅតែបន្តការសាងសង់»។
«យើងមិនអាចធ្វើអ្វីឲ្យលើសពីតម្រូវការនោះទេ ពីព្រោះយើងមានដើមទុនកំណត់ដែរក្នុងការសាងសង់ ប៉ុន្តែយើងនៅតែអាចឆ្លើយតបនឹងតម្រូវការរបស់អតិថិជនក្នុងការបន្តការសាងសង់សំណង់ផ្ទះល្វែងរបស់យើងដែលមានតម្លៃចាប់ពី ៩៥០០០ ទៅ ១៣០០០០ ដុល្លារសម្រាប់ផ្ទះ ១ ល្វែងមាន ៣ ជាន់»។
អានបន្ត៖ http://www.postkhmer.com
No comments:
Post a Comment