ផែនការចំណាយក្នុងក្រុមគ្រួសារ ត្រូវបានអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុចាត់ទុកថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុរបស់គ្រួសារមួយឲ្យមានលំនឹង និងដំណើរការល្អចៀសផុតពីវិបត្តិហិរញ្ញវត្ថុ។ ទោះបីជា ការរៀបចំផែនការចំណាយមានសារៈសំខាន់យ៉ាងក្តី បើយោងតាមលទ្ធផលស្រាវជ្រាវរបស់អង្គការជំនាញហិរញ្ញវត្ថុអន្តរជាតិមួយនា ឆ្នាំ២០១៦ បានឲ្យដឹងថា ពលរដ្ឋកម្ពុជារហូតដល់ទៅ៨១% មិនធ្លាប់ធ្វើផែនការចំណាយសម្រាប់គ្រួសារនោះទេ។ លទ្ធផលនៃការស្រាវជ្រាវនេះក៏ មិនមានអ្វីគួរឲ្យចម្លែកដែរ ពីព្រោះតែពលរដ្ឋកម្ពុជាមិនមានទល្លាប់រៀបចំ ឬស្វែងយល់ពីការរៀបចំផែនការចំណូល ចំណាយក្នុងគ្រួសារខ្លួននោះទេ។ ពួកគេមានគំនិតថា មានតែក្រុមហ៊ុននោះទេ ដែលគួរតែមានផែនការបែបនេះ។ ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា បានជួបសម្ភាសផ្ទាល់ជាមួយលោក ហួត សុខា ដែលជាប្រធាននាយកប្រតិបត្តិអាជីវកម្ម សន្សំ និងបណ្តាញ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ីដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងសន្សំ នៅកម្ពុជា ទៅលើប្រធានបទ ការរៀបចំផែនការចំណូល ចំណាយ របស់គ្រួសារ។
លោកហួត សុខា បានមានប្រសាសន៍ថា ជាទូទៅ លោក តែងតែឮមនុស្សជាច្រើនត្អូញត្អែរពីរឿងគ្មានលុយសល់សម្រាប់សន្សំក្រោយការចំណាយប្រចំាខែ។ តាមការពិតមេគ្រួសារ ឬ អ្នកបង្គោលគ្រួសារនីមួយៗ គួរតែពិភាក្សាគ្នាពីការរៀបចំផែនការចំណូលចំណាយសម្រាប់គ្រួសាររបស់ខ្លួន ព្រោះវាអាចជួយការគ្រប់គ្រងចំណាយផ្សេងៗឲ្យប្រសិទ្ធភាព និងសេរីភាព ចៀសផុតពីការចំណាយលើសពីសមត្ថភាពប្រាក់ចំណូលរបស់ខ្លួន។
លោកបានបន្តថា បើអ្នកគ្មានផែនការចំណាយនោះទេ អ្នកក៏គ្មានឆន្ទៈក្នុងការសន្សំដូចគ្នាដែរ ដូច្នេះហើយ អ្នកអាចនឹងចំណាយផ្តេសផ្តាសលើសពីចំណូលថែមទៀតផង។ ពោលគឺ អ្នកនឹងមិនអាចគ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាពឡើយ បើសិនអ្នកគ្មានផែនការនៃការចំណាយច្បាស់លាស់នោះទេ ផ្ទុយទៅវិញអ្នកបែជាទិញសម្ភារៈថ្លៃៗ ឬដើរលេង និងជួបជុំមិត្តភក្តិញឹកញាប់ជាដើម ដែលចំណាយទាំងនេះអាចជាចំណាយមិនចាំបាច់ និងលើសពីសមត្ថភាពនៃចំណូលប្រចាំខែរបស់ខ្លួន។ មនុស្សយើងម្នាក់ៗ សុទ្ធតែមានព្រឹត្តការណ៍សំខាន់ៗក្នុងវដ្តនៃជីវិតម្នាក់ៗ ដូចជាការរៀបការ ការបញ្ចូនកូនចូលរៀន ការចូលរួមកម្មវិធីផ្សេងៗ ការព្យាបាលជម្ងឺ ឬការជួបគ្រោះថ្នាក់នានា និងការចូលនិវត្តន៍ ជាដើម ដែលសុទ្ធតែជារឿង ដែលត្រូវទាមទារអោយមានខ្ទង់ចំណាយច្បាស់លាស់នីមួយៗ។ ជាទូទៅសម្រាប់គ្រួសារ ដែលមិនមានផែនការចំណូលចំណាយបានចាត់ទុកថា ការចំណាយលើហេតុផលទំាងអស់នេះ គឺជាការចំណាយដែលគ្មានការព្រាងទុក ទោះបី វាជារឿងអាចដឹងមុនបានក៏ដោយនោះ។ ចំណុចទំាងអស់នេះ ធ្វើឲ្យគ្រួសារមួយចំនួន តែងតែជួបបញ្ហាផ្នែកហិរញ្ញវត្ថុជារឿយៗ។
លោកបានបន្ថែមថា តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក សម្រាប់ផែនការចំណូលចំណាយរបស់គ្រួសារ ត្រូវបានបែកចែកជា៤ផ្នែកធំៗ។
ទី១-ផែនការចំណាយប្រចាំថ្ងៃ ដែលសំដៅលើការចាយវាយប្រចាំថ្ងៃទូទៅ (Daily Family Budget Plan) របស់សមាជិកគ្រួសារទំាងអស់
ទី២-ផែនការចំណាយមិនបានព្រាងទុក ឬបន្ទាន់ (Contingency Family Budget Plan) ជាការចំណាយបន្ទាន់ភ្លាមៗ ដែលយើងមិនអាចដឹងមុនបាន
ទី៣-ផែនការលើការវិនិយោគសម្រាប់អនាគតគ្រួសារ (Family Investment Plan) គឺជាផែនការវិនិយោគទៅលើព្រឹត្តការណ៍សំខាន់ៗក្នុងវដ្តនៃជីវិត ដែលយើងអាចត្រៀម ទុកមុនបាន មានដូចជាការចំណាយលើការទិញឧបករណ៍ឬសម្ភារៈអ្វីមួយ ការចំណាយលើការរៀបការ ការសិក្សា របស់ កូន និងការចូលនិវត្តន៍ជាដើម
ទី៤-ផែនការចំណាយលើការការពារសុវត្តិភាព និងគ្រោះថ្នាក់ (Family Protection Plan) ដែលអាចមានរូបភាពជាការទិញធារារ៉ាប់រងទូទៅ គ្រោះថ្នាក់ ឬ ជីវិតសម្រាប់សមាជិកគ្រួសារជាដើម។ គ្រួសារ នីមួយៗ ត្រូវតែមានផែនការចំណូលចំណាយទំាង៤នេះ ដើម្បីធានាឲ្យមាននូវសុភមង្គលក្នុងគ្រួសារ ដោយមិនចំាបាច់ បារម្ភអំពីវិបត្តិហិរញ្ញវត្ថុ និងហានិភ័យផ្សេងៗដែលនឹងកើតមាននោះឡើយ។
លោកបានចែករំលែកនូវនីតិវិធី និង វិធីសាស្ត្រងាយៗចំនួន៤ជំហាន ក្នុងការរៀបចំផែនការហិរញ្ញវត្ថុក្នុងគ្រួសារឲ្យមាន ប្រសិទ្ធភាព ដែលមេគ្រួសារនីមួយៗ (ទាំងប្តី និង ប្រពន្ធ) គួរពិភាក្សាគ្នា និងអនុវត្ត៖
ជំហានទី១-ជាដំបូងត្រូវកំណត់ និងពិភាក្សាពីប្រភព និងចំនួននៃប្រាក់ចំណូល និងចំណាយទំាងអស់ប្រចាំថ្ងៃ ឬ ប្រចាំខែ បន្ទាប់មកត្រូវធ្វើការគណនារកអោយឃើញនូវប្រាក់ដែលនៅសល់ប្រចាំថ្ងៃ ឬ ប្រចាំខែ (ប្រាក់ដែលនៅសល់ = ចំណូល – ចំណាយ) ពេលនោះអ្នកនឹងឃើញពីលំហូរសាច់ប្រាក់របស់គ្រួសារអ្នកមិនខាន។ ករណីប្រសិនបើចំណាយស្មើ ឬ លើសចំណូល នោះផែ្នកហិរញ្ញវត្ថុរបស់យើងគឺមានបញ្ហាហើយ។ បើចំណូលតិចជាងចំណាយ មេគ្រួសារទាំងពីរត្រូវ ពិភាក្សារគ្នាដើម្បីកាត់ចំណាយដែលមិនចាំបាច់ចោល ធ្វើយ៉ាងណាឲ្យនៅសល់ប្រចាំថ្ងៃ ឬ ប្រចាំខែខ្លះសំរាប់សន្សំ (ចំណាយមិនចំបាច់រួមមាន ការចំណាយលើការទិញសម្ភារៈថ្លៃៗពេក ដើរលេង ឬ ការជួបជុំមិត្តភក្តិញឹកញាប់ជាដើម)។
ជំហានទី២-ត្រូវកំណត់ និងពិភាក្សាពីព្រឹត្តការណ៍សំខាន់ៗក្នុងជីវិត ដើម្បីរៀបចំផែនការវិនិយោគសម្រាប់គ្រួសារ ដូចជាផែនការសន្សំសម្រាប់ការសិក្សារបស់កូនៗ ការចូលនិវត្តន៍ និងការដើរកម្សាន្តនៅបរទេសជាដើម។ លោកបានបញ្ជាក់ថា អ្នកគួរតែចាប់ផ្តើមសន្សំសម្រាប់គោលបំណងអ្វីមួយជាក់លាក់ មិនមែនសន្សំសម្រាប់តែប្រាក់នោះទេ (Saving for goal, Not saving for money)។
ជំហានទី៣- បន្ទាប់ពីបានកំណត់ផែនការវិនិយោគគ្រួសារដូចបានចែងនៅក្នុងជំហានទី២ សម្រាប់ពេលអនាគតហើយ មេគ្រួសារទាំងពីរត្រូវក្រឡេកមើលជំហានទី១ ថាតើចំណូលសល់ពីចំណាយរបស់អ្នក ត្រូវរៀបចំបែងចែកយ៉ាងណាឲ្យ សមស្របនឹងព្រឹត្តការណ៍ទំាងនោះ។ នេះជាជំហានសំខាន់សំរាប់ការគ្រប់គ្រងសេរីភាពហិរញ្ញវត្ថុនៅក្នុងគ្រួសារ ដែលអ្នក ទាំងពីរ (ទាំងប្តី និង ប្រពន្ធ) ត្រូវពិភាក្សាគ្នាលើការទទួលខុសត្រូវលើការវិនិយោគលើព្រឹត្តការណ៍នីមួយៗ ដែលបាន កំណត់ទៅតាមលទ្ធភាពនៃចំណូលរបស់ខ្លួន។
ជំហានទី៤-ជាចុងក្រោយ អ្នកទាំងពីរ (ទាំងប្តី និង ប្រពន្ធ) ត្រូវពិភាក្សាគ្នាស្វែងរកវិធីសាស្ត្រសន្សំដើម្បីបំពេញគោល បំណងខាងលើ។ អ្នកគួរជ្រើសរើសវីធីសាស្ត្រសន្សំដែលមានសុវត្ថិភាព ទទួលបានអត្រាការប្រាក់ខ្ពស់ មានភាពបទបែន តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ ប្រសើជាងការសន្សំបែបបុរាណផងដែរ។ លោកបានលើកឡើងបន្ថែមទៀតថា ដើម្បីបំពេញឲ្យបាននូវការវិនិយោគលើព្រឹត្តការណ៍ក្នុងជីវិតទំាងនេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី តែងតែរៀបចំឲ្យមាននូវសេវាសន្សំប្រាក់សម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ទៅតាមវដ្ដនៃជីវិតរបស់មនុស្សម្នាក់ៗ ដូចជាគណនី ងាយស្រួល គណនីកូនឆ្លាត និងគណនីសោធនិវត្តន៍ជាដើម។
លោកបានបន្ថែមទៀតថា ដើម្បីគ្រប់គ្រងការចំណាយក្នុងគ្រួសារ អោយមានប្រសិទ្ធភាព គ្មានហានិភ័យ និងសម្រេចបាននូវគោលដៅនៃព្រឹត្តការណ៍ក្នុងជីវិតជាក់លាក់មួយ គ្រួសារនីមួយៗ គួរមានគណនីយ៉ាងហោចណាស់ចំនួនពីរនៅគ្រឹះស្ថានហិរញ្ញវត្ថុ៖ ទី១-គណនីសន្សំងាយស្រួល ជាគណនី ដែលអ្នកអាចដាក់ ឬ ដកប្រាក់សន្សំ បានគ្រប់ពេលវេលាទៅតាមតម្រូវការនៃការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ឬ ត្រូវការចំណាយមិនបានព្រាងទុក ឬបន្ទាន់ណាមួយ។ ទី២-គណនីសន្សំសម្រាប់ការវិនិយោគក្នុងគ្រួសារ ជាគណនីដែលអ្នកត្រូវមានផែនការសន្សំជាក់លាក់ប្រចាំខែដោយមិនមានឆន្ទៈនៃការដកប្រាក់ ឬ បិទគណនីឡើយ។ នៅគ្រឹះស្ថានហិរញ្ញវត្ថុ អេ អឹម ខេ មានគណនីមួយចំនួនដូចជា គណនីអនាគត គណនីកូនឆ្លាត ឬ គណនីសោធនិវត្តន៍ គឺជាគណនីដែលមេគ្រួសារអាចប្រើប្រាស់សម្រាប់ការវិនិយោគក្នុងគ្រួសារលើព្រឹត្តការណ៍នៃវដ្តជីវិតនីមួយៗ។ មិនតែប៉ុណ្ណោះ សម្រាប់គណនីកូនឆ្លាត ឬ គណនីសោធនិវត្តន៍ អេ អឹម ខេ ក៏បានផ្តល់សេវាធានារ៉ាប់រងគ្រោះថ្នាក់ដោយឥតគិតថ្លៃដល់អតិថិជន ដែលជាផ្នែកមួយនៃផែនការការពារសុវត្តិភាព និងគ្រោះថ្នាក់នៅក្នុងគ្រួសារ (Family Protection Plan) ផងដែរ។
ជាចុងក្រោយលោកបានផ្តល់អនុសាសន៍ថា គ្រួសារទំាងអស់គួរផ្លាស់ប្តូរផ្នត់គំនិត ដែលថាលុយតិចមិនអាចសន្សំបាន ហើយជំនួសវិញដោយរៀបចំផែនការសន្សំឲ្យបានច្បាស់លាស់។ លើសពីនេះទៀត អ្នកគួរតែចាប់ផ្តើមធ្វើផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសុភមង្គលក្នុងគ្រួសារអ្នក៕
ប្រភព៖ ពាណិជ្ជកម្មកម្ពុជា
No comments:
Post a Comment