សម័យនេះមនុស្សស្រីយើងក៏ត្រូវ Upgrade ខ្លួនឯងឲ្យកាន់តែខ្ពស់ដែរមែនអត់? បើមានតែសម្រស់ស្អាតបាតតែខាតចំណេះដឹងក៏មិនបានដែរ គឺត្រូវមានភាពរឹងមាំដោយខ្លួនឯង។ ហើយបើចង់ដឹងថាបែបណាទើបគេហៅថារឹងមាំ Kanha សូមសង្ខេបយកចំនុចសំខាន់ៗចំនួន១០។ តាមមកមើលទាំងអស់គ្នាតែម្ដង ពេលខ្លះចំណុចទាំងអស់នេះអាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយក៏ថាបាន!
១. ស្រឡាញ់ខ្លួនឯង៖
ជាអ្វីដែលមនុស្សស្រីគ្រប់គ្នាគួរតែមាន! ព្រោះវាធ្វើឲ្យមនុស្សស្រីមានក្ដីសុខ និងមានតម្លៃ ជាចំណុចចាប់ផ្ដើមរបស់គ្រប់យ៉ាង ហើយការដែលយើងចេះស្រឡាញ់ខ្លួនឯងនោះនឹងធ្វើឲ្យអ្នកដទៃធ្វើល្អមកលើយើង ដូចដែលយើងប្រតិបត្តិចំពោះខ្លួនឯង។ ប៉ុន្តែមិនមែនចង់ឲ្យក្លាយជាមនុស្សអាត្មានិយមទេណា អ្វីដែលចង់សំដៅនៅទីនេះគឺគួរយកចិត្តទុកដាក់ និងមើលថែខ្លួនឯងឲ្យមានក្នុងសុខក្នុងការរស់នៅប៉ុណ្ណោះទេ។
២. ស្មោះត្រង់ជាមួយខ្លួនឯង៖
មនុស្សដែលយើងគួរផ្ដល់តម្លៃខ្លាំងបំផុតគឺ “ខ្លួនឯង” ព្រោះនៅពេលដែលយើងធ្វើអ្វីដោយបង្ខំចិត្ត ឬកុហកខ្លួនឯង គ្រប់យ៉ាងនឹងទទួលបានផលមិនល្អជានិច្ច។ ដូច្នេះហើយកុំខ្លាចនឹងជឿ និងធ្វើតាមបេះដូងខ្លួនឯង។ យើងកើតមកដើម្បីប្រើជីវិតឲ្យមានក្ដីសុខ។ ដល់ពេលហើយដែលយើងគួរផ្ដល់ឱកាសឲ្យខ្លួនឯង ធ្វើអ្វីដែលខ្លួនស្រឡាញ់ និងធ្វើវាឲ្យអស់ពីចិត្ត។ ការដែលបានធ្វើអ្វីដែលខ្លួនស្រឡាញ់ ទោះបីជួបរឿងលំបាកយ៉ាងណា វាក៏ធ្វើឲ្យយើងមានក្ដីសុខជាមួយវាដែរ។
៣. យើងអាចកំណត់ជីវិតខ្លួនឯងបាន៖កុំយកជីវិតយើងទៅជាប់ជំពាក់នឹងអ្វីៗគ្រប់យ៉ាងរហូតធ្វើឲ្យយើងមិនរីកចម្រើន ឬបន្តដំណើរទៅមុខមិនបាន! ត្រូវចាំទុកថាជីវិតនេះគឺជារបស់យើង ដូច្នេះមានតែយើងម្នាក់ប៉ុណ្ណោះដែលអាចកំណត់វាបាន។ បើរវល់តែស្ដាប់អ្នកនេះ ចាំអ្នកនោះ ដូច្នេះពេលណាទើបជីវិតយើងជោគជ័យបាន? កុំភ្លេចថាពេលវេលាមិនរង់ចាំអ្នកណាទេ!
៤. ជឿជាក់លើខ្លួនឯង៖
របស់ដែលអាចបន្ថែមកម្លាំងឲ្យខ្លួនយើងច្រើនបំផុតគឺ “ជំនឿចិត្ត”។ ជឿលើអ្វីដែលយើងគិត ជឿលើអ្វីដែលយើងធ្វើ ហើយជឿលើខ្លួនឯង! ព្រោះវានឹងជាកម្លាំងមហាសាលដែលនឹងជួយជំរុញឲ្យយើងឆ្ពោះទៅកាន់ជោគជ័យបានកាន់តែច្រើន។
៥. ផ្ដល់ក្ដីសុខឲ្យខ្លួនឯង៖
ដូចដែលបានរៀបរាប់ហើយថា យើងកើតមកដើម្បីប្រើជីវិតឲ្យមានក្ដីសុខ ដូច្នេះនៅពេលធ្វើអ្វីបានជោគជ័យក៏គួរផ្ដល់រង្វាន់ឲ្យខ្លួនឯងខ្លះ។ នាំខ្លួនឯងទៅកន្លែងល្អៗដើម្បីសម្រាកលំហែចិត្ត ឬធ្វើអ្វីក៏បានដែលអាចបន្ថែមថាមពលផ្លូវចិត្តខ្លួនឯងបាន។ នេះជារឿងសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលយើងមានក្ដីសុខ គ្រប់យ៉ាងដែលយើងធ្វើគឺនឹងចេញលទ្ធផលល្អតាមនោះដែរ។
៦. ផ្ដល់ថាមពលឲ្យមនុស្សនៅជុំវិញខ្លួន៖
អ្នកណាៗក៏ត្រូវការកម្លាំងជំរុញដែលធ្វើឲ្យមានអារម្មណ៍ល្អទាំងអស់គ្នាហ្នឹង អាចជាសកម្មភាព ឬពាក្យសម្ដី ប៉ុន្តែអ្វីដែលប្លែកគឺមនុស្សស្រីភាគច្រើនក្នុងសម័យនេះបែរជាចាំចាប់កំហុសគ្នា និងនិយាយអ្វីឲ្យអ្នកដទៃបាត់បង់ជំនឿចិត្តទៅវិញ! បើចង់ក្លាយជាស្ត្រីដែលរឹងមាំមានតម្លៃ គឺត្រូវបញ្ឈប់សកម្មភាពទាំងអស់នេះ ហើយងាកមកផ្ដល់ថាមពលក្នុងផ្លូវវិជ្ជមានឲ្យមនុស្សជុំវិញខ្លួនខ្លះ ធានាថាអ្នកនឹងក្លាយជាមនុស្សដែលកាន់តែមានមន្តស្នេហ៍ទ្វេរដង។
៧. សាកល្បងធ្វើអ្វីពិបាកៗ៖
ដើម្បីក្លាយជានារីរឹងមាំបាន គឺចាំបាច់ត្រូវឆ្លងកាត់រឿងពិបាកៗជាមុនសិន! ព្រោះប្រសិនបើអ្នកមិនធ្លាប់មានបទពិសោធន៍លំបាកៗមកពីមុនទេ តើអ្នកនឹងរឹងមាំបានដោយរបៀបណា? កុំខ្លាចនឹងរត់ចូលអ្វីក៏ដោយដែលនឹងជួយអភិវឌ្ឍជីវិតរបស់អ្នក ហើយប្រសិនបើអ្នកឆ្លងកាត់វាបាន អ្នកនឹងដឹងថាអ្នកមានភាពជឿជាក់កាន់តែខ្លាំង មានអារម្មណ៍ថាមានថាមពល និងត្រៀមខ្លួនរួចរាល់ក្នុងការស៊ូជាមួយបញ្ហាគ្រប់យ៉ាងដោយមិនភ័យខ្លាច។
៨. រឹងមាំ ជួយយឹតយោងអ្នកដទៃ៖
មនុស្សស្រីរឹងមាំពិតប្រាកដ គ្មានថ្ងៃដែលបោះបង់ចោលមនុស្សនៅជុំវិញខ្លួនទេ។ ពួកនាងប្រាកដជាមានសភាវៈ និងភាពជាអ្នកដឹកនាំ មានភាពក្លៀវក្លា និងប្រើសក្ដានុពលរបស់ខ្លួនឯងដើម្បីជួយដល់អ្នកដទៃជានិច្ចហើយចំណុចនេះហើយដែលធ្វើឲ្យនាងក្លាយជាមនុស្សជាទីស្រឡាញ់ និងគោរពសរសើររបស់គ្រប់គ្នា។
៩. រក្សាមិត្តល្អៗនៅក្បែរខ្លួន៖
មិត្តណាដែលអាចផ្ដល់ថាមពលឲ្យយើងបាន និងធ្វើឲ្យយើងគិតផ្លូវវិជ្ជមានបានរហូត គឺត្រូវរក្សាគេឲ្យនៅក្បែរខ្លួនបំផុត ព្រោះមិត្តដែលមានបំណងល្អដោយស្មោះជាមួយយើងគឺមិនមានច្រើនទេ។ កុំស្រឡាញ់តែមិត្តភ័ក្ដិដែលបបួលអ្នកនិយាយតែដើមអ្នកដទៃរាល់ថ្ងៃ និងមិនត្រូវភ័យខ្លាចក្នុងការផ្ដាច់ទំនាក់ទំនងជាមួយមិត្តភ័ក្ដិដែលនាំយើងទៅរកតែផ្លូវអវិជ្ជមាន និងគិតអវិជ្ជមាននោះឡើយ។
១០. កំណត់ស្តង់ដារសម្រាប់ខ្លួនឯង៖
ធំហើយ ឈប់ប្រើពាក្យថា “អ្វីក៏បាន” ទៀត! អ្នកគួរកំណត់ស្ដង់ដារសម្រាប់ខ្លួនឯងខ្លះ។ គ្រប់គ្នាសុទ្ធតែសក្ដិសមនឹងទទួលបានទង្វើល្អៗ ពីមនុស្សល្អៗ និងប្រើរបស់ដែលមានគុណភាព។ កុំរកមើលតែរបស់ថោកៗគ្មានស្តង់ដារ ឬរកអ្នកណាក៏បានមកធ្វើជាមនុស្សកំដរពេលយើងឯកោ ព្រោះទីបំផុតអ្វីទាំងអស់នោះនឹងផ្ដល់ផលអាក្រក់មកយើងដដែល គ្រាន់តែវាយូរហើយនិងឆាប់ប៉ុណ្ណោះ។ ដោយបំណងល្អពី Kanha ៕
No comments:
Post a Comment